(ភ្នំពេញ)៖ ជនអគតិម្នាក់ទៀតហើយ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន ក្រោយបង្ហោះវីដេអូបំពុលសង្គមតាមបណ្ដាញសង្គម TikTok ប្រឌិតរឿងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយស្លាប់ជាបន្ដបន្ទាប់។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ និងជាជំនួយការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ជនអគតិរូបនេះ ត្រូវបានចាប់ខ្លួន ដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោយបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា បុគ្គលដែលត្រូវបានចាប់ខ្លួននេះឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ «ចង្ហាន់ហុយ» ក្រោយបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់អនុវត្តវិធានការ ចាក់វ៉ាងសាំងកូវីដ១៩ ដោយបានឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ។
គួរជម្រាបថា មកទល់ពេលនេះជនអគតិដែលប្រឌិតព័ត៌មានបំពុលតាមបណ្ដាញសង្គម ពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅតុលាការជាបន្ដបន្ទាប់។ ក្នុងនោះមាននៅខេត្តកំពង់ស្ពឺ, កំពង់ចាម និងរាជធានីភ្នំពេញ៕