(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងអំណរគុណ និងកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការល្អប្រសើរ ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពី ទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលតម្រូវឲ្យប្រតិបត្តិករទូរគមនាគមន៍ នៅខេត្តសៀមរាប ស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពីនិយ័តករទូរគមនាគមន៍កម្ពុជា មុនពេលសាងសង់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឲ្យរដ្ឋបាលខេត្តសៀមរាប បន្តអនុវត្តវិធានការ និងមានចំណាត់ការចំពោះប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តសៀមរាបអាចជូនដំណឹង ឬស្នើសុំកិច្ចសហការជាបន្ទាន់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ក្រសួងសូមអំពាវនាវ និងលើកទឹកចិត្តឲ្យរដ្ឋបាលរាជធានី និងខេត្តផ្សេងៗទៀត ចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធវិស័យទូរគមនាគមន៍ឲ្យកាន់តែមានប្រសិទ្ធភាព។

ក្រសួងរំលឹងថា កិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកសំខាន់មួយ នៃការបង្កើនគុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស៕