(តាកែវ)៖ នៅក្នុងជំនួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីសំណាក់ទាហានការពារព្រំដែនវៀតណាម ជូនដល់សមត្ថកិច្ចខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ នៅច្រកទ្វាអន្តរជាតិភ្នំដិន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានស្នើដល់មេបញ្ជាការការពារព្រំដែន ខេត្តអានយ៉ាង របស់ប្រទេសវៀតណាម ជួយស្វែងរកមេខ្យល់ដែលនាំជនជាតិចិនលួចឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជា ដើម្បីនាំខ្លួនទៅកាត់ទោសទៅតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានថ្លែងបន្តថា «កន្លងមកថ្មីៗនេះ សមត្ថកិច្ចកម្ពុជា ចាប់បានជនជាតិចិនមួយចំនួនលួចឆ្លងដែនតាមច្រករបៀងផ្លូវគោក និងផ្លូវទឹកពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកខេត្តតាកែវ។ ការលួចឆ្លងដែនខុសច្បាប់នេះមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចនឹងឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះក្រុមអ្នកលួចឆ្លងដែនខុសច្បាប់នេះមិនបានដឹងថា ពួកគេមានផ្ទុកជំងឺកូវីដ១៩ ឬយ៉ាងណានោះទេ ដូច្នេះដើម្បីទប់ស្កាត់ បញ្ហានេះបាន គប្បីទាហានការពារព្រំដែនប្រទេសវៀតណាម ជួយសហការជាមួយសមត្ថកិច្ចព្រំដែនកម្ពុជា ជួយទប់ស្កាត់ការលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់នេះ»

លោកឧត្តមសេនីយ៍ទោ បានបន្តថា មានការដើរល្បាតតាមព្រំដែន និងស្វែងរកមេខ្យល់នាំជនជាតិចិនលួចឆ្លងដែនខុសច្បាប់ យកទៅកាត់ទោសឱ្យបានទើបយើងអាចទប់ស្កាត់ មិនឲ្យមានការនាំជនជាតិចិនលួច ចូលឆ្លងដែនខុសច្បាប់តទៅទៀត។

ឆ្លើយតបទៅនឹងការស្នើសុំពីស្នងការខេត្តតាកែវ មេបញ្ជាការការពារព្រំដែនខេត្តអានយ៉ាង ប្រទេសវៀតណាម បានទទួលយកសំណើរពីសមត្ថកិច្ចកម្ពុជា ហើយបាន សន្យាថា ពង្រឹងកិច្ចសហការតាមព្រំដែនដើម្បីធ្វើយ៉ាងណា ទប់ស្កាឱ្យបានការលួចឆ្លងដែនខុសច្បាប់ ដែលនឹងនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩៕