(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញពីអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលជាបម្រើការងារ និងស្នាក់នៅកាស៊ីណូមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញា ចូលក្នុងនិយមន័យសង្ស័យថា មានជំងឺកូវីដ-១៩ នៅកាស៊ីណូខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទើកម្ពុជា លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ដែលមានឈ្មោះដូចខាងក្រោម៖

* ទី១៖ បុរសជនជាតិខ្មែរឈ្មោះ ម៉ៅ សុភ័ក្រ អាយុ៣០ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំដូង ស្រុករមាសហែក
* ទី២៖ ស្រ្តីជនជាតិខ្មែរឈ្មោះ រើន ដារី អាយុ២៨ឆ្នាំ នៅភូមិសង្ខារ ឃុំសង្ខារ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
* ទី៣៖ ស្រ្តីជនជាតិវៀតណាមឈ្មោះ PHAM THI NGOC QUYNH អាយុ២៦ឆ្នាំ បុគ្គលិកកាស៊ីណូ។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត។ ចំពោះទីតាំងកាស៊ីណូមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានរៀបចំជាមណ្ឌលចត្តាឡីស័ក។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ របស់ក្រុមការងារ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ ចូលទៅក្នុងសហគមន៍ នៅក្នុងខេត្តស្វាយរៀង៕