(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បុគ្គលិកផ្សារហ៊ុយឡេងបន្ទាយមានជ័យ១ក្រុម ដឹកនាំដោយលោក ឆាយ ស្រេង អ្នកគ្រប់គ្រងផ្សារទូទៅ បានចុះធ្វើការណែនាំដល់អាជីវករមួយចំនួនតូច ដែលមិនព្រមពាក់ម៉ាស់ក្នុងពេលកំពុងលក់ដូរក្នុងផ្សារ។ ការមិនពាក់ម៉ាស់នេះ គឺជាបញ្ហាធំ ដែលធ្វើឲ្យអាជ្ញាធរខេត្តចង់ធ្វើការបិទផ្សារទាំងស្រុង។

លោក ឆាយ ស្រេង បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនហ៊ុយឡេងបន្ទាយមានជ័យ បានធ្វើការជូនដំណឹងដល់អាជីវករឈ្មោះ ពូវ៉ា លក់ផ្លែឈើនៅផ្សារហ៊ុយឡេង ព្រោះរយៈពេលកន្លងមកអាជីករម្នាក់នេះ មិនព្រមពាក់ម៉ាស់ក្នុងពេលកំពុងលក់ដូរក្នុងផ្សារនោះឡើយ។

លោកបន្តថា បើអាជីវករនេះនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ ក្នុងពេលកំពុងលក់ដូរបន្តទៀត ប្រធានផ្សារសុំធ្វើការផ្អាកការលក់ព្រោះវាជាបញ្ហាធំចំបង។ លោក ឆាយ ស្រេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អាជីវករឈ្មោះ ពូវ៉ា ត្រូវបញ្ឃប់ការលក់ដូរបណ្តោះអាសន្នសិនផងដែរ។

លោក ឆាយ ស្រេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ ផ្សារមួយនេះបានណែនាំឲ្យអាជីវករ និងអ្នកចូលផ្សារ អនុវត្តវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ៕