(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានថ្លែងអំណរគុណជូន លោកឧកញ៉ា ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ លី ហៀករតនា ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ជូនដល់សាលាខណ្ឌ សម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការជំងឺកូវីដ១៩ ក្នុងសហគមន៍។

លោក ឃ្លាំង ហួត បានគូសបញ្ជាក់ថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោកឧកញ៉ា ជា រតនា និងលោកជំទាវ លី ហៀករតនា ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។

លោកអភិបាលខណ្ឌ បានបញ្ជាក់បន្ថែមថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតជំងឺកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ និងប្រជាជនកម្ពុជាទាំងអស់៕