(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស ស្របពេលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះថា ក្រសួងពាណិជ្ជកម្ម ចាប់ផ្ដើមប្រតិបត្ដិការលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ទៀតថា តម្លៃដែលក្រសួងពាណិជ្ជកម្មលក់ចេញ មានតម្លៃទាបជាងទីផ្សារ ហើយការលក់ជូនមានកំណត់ សម្រាប់មួយគ្រួសារទិញបាន អង្ករមួយបាវ និងមីមួយកេស ដោយដាក់ចេញលក់ទៅតំបន់ ដែលមានកម្មករច្រើន ដូចជា ផ្លូវវេងស្រេង ស្ទឹងមានជ័យ ជាដើម -ល-។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា តម្លៃអង្ករផ្កាម្លិះ ១៧៥,០០០រៀល ក្នុងមួយបាវ, អង្ករផ្កាខ្ញី ១២០,០០០រៀល ក្នុងមួយបាវ, អង្ករនាងខុន ១១០,០០០រៀល ក្នុងមួយបាវ, អង្ករនាងមិញ ១០០,០០០រៀល ក្នុងមួយបាវ និងតម្លៃមីជាតិ១កេស ២៤កញ្ចប់ ១៦,០០០រៀល ក្នុងមួយកេស។

សូមជម្រាបថា ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពទាំង២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមេសានេះ បានលើកឡើងថា ក្នុងឆន្ទះ និងគោលបំណងនៃការកាត់ផ្តាច់ នូវភាពសកម្មក្នុងដំណើរការ នៃការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ (COVID-19) នៅកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាហេតុឲ្យរាជរដ្ឋាភិបាលម្រេចកំណត់ចេញនូវវិធានការ បិទរាំងខ្ទប់តំបន់មួយចំនួន ក្នុងរយៈពេលកំណត់មួយ ហើយបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារជាពិសេស «អង្ករ»។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជា មានបរិមាណសន្និធិ (ស្តុក) គ្រប់គ្រាន់ ទាំងស្រូវវស្សា ជាង២.៥លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំង ជិត១លានហិកតា បាននឹងកំពុងប្រមូលផលបានជាង៩០% ហើយដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង អាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ការប្រមូលផលរដូវកាលបន្ទាប់ខាងមុខ។

សេចក្តីប្រកាសព័ត៌មានបន្តថា «ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន»។

ដើម្បីជួយសម្រួលបន្ទុក និងការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបន្តដំណើរការ បញ្ចេញលក់អង្ករជាធម្មតា បន្ថែមពីលើទីតាំងកន្លែងលក់អង្ករ របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានស្រាប់ ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ តាមទីតាំងកំណត់មួយចំនួនដូចខាងក្រោម សម្រាប់រាជធានីភ្នំពេញ និងទីតាំងចល័តដូចខាងក្រោម៖

* ស្នាក់ការក្រុមហ៊ុនហ្រ្គីនត្រេដ អាគារលេខ៦៥-៦៧-៦៩ ផ្លូវលេខ ១៣៦ សង្កាត់ផ្សារកណ្តាល១ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩២ ៩៨៥ ៧២០, ០៩៩ ៦០៤ ៨២៩

* មណ្ឌលឃ្លាំងក្រុមហ៊ុនហ្រ្គីនត្រេដ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ០១២ ៩២០ ៩១៥

* ផ្ទះលេខ២៥ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លេខទូរសព្ទ ០១២ ៩៧០ ៣៧១, ០១២ ៥៦៥ ៥០៦

* ទីតាំងចល័តក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕