(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី សូ សាម៉ូនី ចំពោះមរណភាពលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយសារជំងឺកូវីដ១៩។ នេះបើតាមសារលិខិតរំលែកមរណទុក្ខ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

ក្នុងសារលិខិតរំលែកមរណទុក្ខជូនចំពោះ លោកស្រី សូ សាម៉ូនី ព្រមទាំងក្រុមគ្រួសារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា និងសោកស្តាយជាទីបំផុត ចំពោះមរណភាព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៤៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

មរណភាពរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ មិនត្រឹមតែជាការបាត់បង់ ស្វាមីប្រកបដោយសង្គហធម៌ឪពុកប្រកបដោយព្រហ្មវិហារធម៌ ជីតាប្រកបដោយក្តីសន្តោស ប្រោសប្រណី និងញាតិមិត្តម្នាក់ ជាទីស្រឡាញ់រាប់អាន ដែលក្នុងជីវិតរបស់ ឯកឧត្តម បានពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត មិនគិតពីការនឿយហត់លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីភរិយា កូនៗ មានអនាគតរុងរឿងប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ធនធានមនុស្សមួយរូប ដ៏កម្ររបស់កម្ពុជា មានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ និងបានបំពេញភារកិច្ចជាច្រើនបម្រើជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម ម៉ៅ អាយុទ្ធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដោយសេចក្ដីរាប់អានអំពីខ្ញុំ»។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕