(ភ្នំពេញ)៖ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក ថោង ខុន បានលើកឡើងថា «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីរន្ធត់យ៉ាងខ្លាំង ដោយបានទទួលដំណឹងមរណភាពដ៏ក្តុកក្តួលរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលត្រូវជាលោកឪពុក លោកឪពុកក្មេក នៅថ្ងៃព្រហស្បតិ៍ ០៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៦៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ (ជំងឺកូវីដ-១៩)»។

លោកចាត់ទុកថា មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺមិនត្រឹមជាការបាត់បង់ដ៏ធំធេង និងសោកស្ដាយបំផុតនូវលោក ឪពុក លោកឪពុកក្មេក ជីតា ជាទីគោរព ស្រឡាញ់របស់ក្រុមគ្រួសារសពទាំងមូលប៉ុណ្ណោះទេ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប ក្នុងវិស័យព័ត៌មាន វប្បធម៌ ជាពិសេសផ្នែកសិល្បៈ ផ្នែកតែងនិពន្ធ និងភាពយន្តផងដែរ ក្នុងឋានៈលោកជារដ្ឋលេខាធិការនៃក្រសួងព័ត៌មាន ជាកវីនិពន្ធ និងផលិតករភាពយន្តមួយរូបលេចធ្លោរ របស់សង្គមជាតិ ដែល លោកតែងតែបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា។

លោកបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕