(ភ្នំពេញ)៖ អនុវត្តតាមការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជធានីខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមយុវជនស្ម័គ្រចិត្តដទៃទៀត ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកជាប់កិច្ចសន្យា នៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស ព្រមទាំងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យអប់រំ ចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ជាលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងនេះ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បុគ្គលិកអប់រំ និងបុគ្គលិកកិច្ចសន្យានៃក្រសួងអប់រំ យុវជន និងកីឡាទូទាំងប្រទេស បានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១០២,៦៥១នាក់ ត្រូវជា ៧១,៤% នៃចំនួនសរុប ១៤៣,៨០៦ នាក់។ បុគ្គលិកអប់រំ និងបុគ្គលិកកិច្ចសន្យា នៅអង្គភាពថ្នាក់ជាតិ បានចាក់ វ៉ាក់សាំង ចំនួន ៤,៩៦៦ នាក់ ត្រូវជា ៨០,២% នៃចំនួនសរុប ៦១៨៧ នាក់។ បុគ្គលិកអប់រំ និងបុគ្គលិកកិច្ចសន្យា នៅតាមរាជធានី ខេត្ត បានចាក់វ៉ាក់សាំង ៩៧,៦៨៥ នាក់ ត្រូវជា ៧០,៩% នៃចំនួនសរុប ១៣៧៦១៩ នាក់។

លោកបន្តថា ជារួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី១ ដល់បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យានៃអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ក្នុងវិស័យអប់រំ សរុប ១១៣,២២៣ នាក់។

ដោយឡែកយុទ្ធនាការចាក់វ៉ាក់សាំង ជំហានទី១ នៅរាជធានីភ្នំពេញ សម្រេចបាន ៣០,២០៩ នាក់ និងបានសម្របសម្រួលចាក់វ៉ាក់សាំង ជូនបុគ្គលិកអង្គការមិនមែនរាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ ចំនួន ២០០ នាក់។

លោក រស់ សុវាចា បន្ថែមថា ដើម្បីផ្តល់លទ្ធភាពឱ្យបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការ ដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ទទួលបានវ៉ាក់សាំងកូវីដ-១៩គ្រប់គ្នា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងស្នើសុំវ៉ាក់សាំងបន្ថែមពីគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រសួងសុខាភិបាល សម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩នៅជំហានទី២ ក្នុងបរិមាណ ៥៥,០០០ នាក់។

ក្នុងនោះបុគ្គលិកនៅអង្គភាពថ្នាក់ជាតិនៅ រាជធានីភ្នំពេញ បុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងវិស័យអប់រំ និងបុគ្គលិក គ្រឹះស្ថានសិក្សាឯកជន សរុបចំនួន ១៥,០០០ នាក់។

សូមជ ម្រាបថា អនុវត្តតាមការអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកជាបណ្តោះអាសន្ន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបុគ្គលិកអប់រំ មន្ត្រីជាប់កិច្ចសន្យា នៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែមេសា ឆ្នាំ២០២១នេះ៕