(សៀមរាប)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប រួមមានសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប។

ជាមួយការអនុវត្តន៍វិធានការថ្ងៃដំបូង គេបានឃើញកម្លាំងនគរបាល រួមជាមួយនឹងប្រជាការពារផង ត្រូវបានដាក់ពង្រាយនៅតាមផ្លូវចេញ-ចូល សំខាន់ក្នុងសង្កាត់ទាំង៣ ដោយមានការដាក់បារ៉ាស់ហាមឃាត់ឆ្លងកាត់ផ្លូវសំខាន់ៗផងដែរ។

តាមរយៈការសង្កេតរបស់អ្នកព័ត៌មាន Fresh News ដែលចុះដល់ទីតាំងដាក់បារ៉ាស់ទាំងនោះ បានសង្កេតឃើញថា ការអនុវត្តន៍វិធានការបិទខ្ទប់ថ្ងៃដំបូងនេះមានការថ្នាំង់ថ្នាក់ និងការមិនយល់គ្នាមួយចំនួនរវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយសារពលរដ្ឋខ្លះមិនទាន់បានជ្រាបច្បាស់ពីការដាក់វិធានការរបស់រដ្ឋបាលខេត្ត។ ជាមួយគ្នានេះ កន្លែងគោលដៅខ្លះ ដែលដាក់ប្រជាការពារឈរជើង ក៏អនុវត្តតឹងរឹងលើពីសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តជាដើម។

តែទោះជាយ៉ាងណាបញ្ហាមិនយល់គ្នានេះ មានចំនួនតិចតួចប៉ុណ្ណោះ។ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា បញ្ហាទាំងអស់នេះ នឹងត្រូវកែសម្រួល ហើយក៏បន្តសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការអនុវត្តន៍វិធានការបិទខ្ទប់នេះ ហើយសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់សង្កាត់ទាំង៣ខាងលើរយៈពេល ១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៧ ខែមេសា នេះតទៅ។ ដើម្បីអនុវត្តវិធានការនេះ រដ្ឋបាលខេត្ត បានដាក់គោលដៅច្រកចេញចូលចំនួន ៣៥គោលដៅ ដែលអនុវត្តដោយកងកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង៣។

ការបិទខ្ទប់នេះ ធ្វើឡើងដើមី្បទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ បន្តទៅទៀត បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើតេស្តទៅលើអាជីវករ និង ប្រជាពលរដ្ឋមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលនៅផ្សារក្រោម និង ផ្សារអធ្វារ ដោយរកឃើញវិជ្ជមានកូវិដ១៩ ចំនួន០៧នាក់។

បើទោះបីជាយ៉ាងណា ក្នុងកំលុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តបានគិតគូរពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបានចាត់ចែងរៀបចំស្បៀងចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ជីវភាពខ្លាំងផងដែរ។ នៅថ្ងៃទី១៧ មេសានេះដែរ រដ្ឋបាលខេត្ត ក៏បានចេញវិធានការក្នុងការទប់ស្កាត់ការឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និង ឱសថ ក្នុងការអនុវត្ត វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

ក្នុងឱកាសរដ្ឋបាលបានសម្រេចបិទខ្ទប់សង្កាត់ទាំងបីនេះដែរ នៅតាមផ្សារចាស់ និង ផ្សារសាមគ្គី ក្រុងសៀមរាប ម្ចាស់ផ្សារ ក៏បានធ្វើការហ៊ុមព័ន្ធខ្សែសុវត្ថិភាព ដើមី្បសុវត្ថិភាពផ្សាររបស់ខ្លួន ក្នុងការតាមដានឲ្យបានដិតដល់ ចំពោះ អតិថិជនចូលមកក្នុងផ្សាររបស់ខ្លួន ដោយបានត្រួតពិនិត្យសុខភាពបឋម ដោយមានការវាស់កម្តៅ និង ធ្វើអនាម័យបាញ់ អាល់កុល ដែលជាស្មារតីចូលរួមរបស់ម្ចាស់ផ្សារ ក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដ១៩៕