(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកការលក់ដូរនៅផ្សារដើមគបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដជាបន្ដបន្ទាប់ នេះបើយោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋាន ផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាស្រ័យដោយស្ថានភាព នៃការរីករាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ១០០នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទូលគោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលំរដ្ឋដែលបានចេញ-ចូលផ្សារនេ៖ គិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក
ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត។

រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេ៖ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

*** សូមតាមដានបណ្តាញព័ត៌មានផ្លូវការពី App, TV, Web, Facebook, YouTube និង Channel Telegram របស់បណ្តាញព័ត៌មាន Fresh News ! Join US: https://t.me/freshnewsasia