(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីណែនាំមួយ ស្តីពីការកំណត់ចំនួនមន្ត្រី និយោជិត បំពេញការងារក្នុងអំឡុងពេលការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីធានានិរន្តរភាពផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់។

សេចក្តីណែនាំរបស់រដ្ឋាករទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមេសានេះបានណែនាំមន្ត្រី និយោជិតរបស់ខ្លួនដូចជា៖

១៖ ថ្នាក់ដឹកនាំ និងមន្ត្រីនិយោជិត ដែលនឹងទទួលលិខិតបញ្ជាបេសកកម្មថ្មី អាចបំពេញការងារនៅគេហដ្ឋានតាមរយៈប្រព័ន្ធ Online ឬត្រូវមានវត្តមានប្រចាំការនៅទីតាំងស្នាក់ការកណ្តាល រៀងរាល់ថ្ងៃធ្វើការចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៖១៦និង៣០នាទី ក្នុងករណីមានការ
ចាំបាច់ និងបន្ទាន់។ ដោយឡែកចំពោះនិយោជិតជួសជុលទឹកធ្លាយ នៃនាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹកនិងនាយកដ្ឋាន អាជីវកម្ម ដែលទទួលបានលិខិតបញ្ជាបេសកកម្ម ត្រូវស្នាក់នៅតាមគេហដ្ឋានរៀងខ្លួន និងមកបំពេញការងារក្នុងករណីមានទឹកធ្លាយ តាមរយៈការណែនាំពីប្រធានសាមីនាយកដ្ឋាន។

២៖ មន្ត្រី និយោជិតដែលប្រចាំការ នៅតាមរោងចក្រផលិតទឹកស្អាតទាំងបួន និងក្រុមសន្តិសុខដែលប្រចាំការ នៅស្នាក់ការកណ្តាល តាមរោងចក្រ និងតាមអាងតម្កល់ទឹក ត្រូវបំពេញការងារនៅនឹងកន្លែង ដោយមិនមានការចល័តផ្លាស់ប្តូរកម្លាំង និងអនុវត្តឲ្យបានតាមគោលការណ៍បទបញ្ជាផ្ទៃក្នុងអង្គភាព។

៣៖ មន្ត្រី និយោជិត ដែលមិនមានក្នុងចំណុចទាំងពីរខាងលើ ស្នើបំពេញការងារតាមរយៈប្រព័ន្ធ Onlineនៅតាមគេហដ្ឋានរៀងៗខ្លួន តាមការណែនាំរបស់ប្រធានសាមីនាយកដ្ឋាន អង្គភាព និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលជាចាំបាច់។

៤៖ គ្រប់ថ្នាក់ដឹកនាំ មន្ត្រី នយោជិត ដែលមកបំពេញការងារនៅអង្គភាព ចាំបាច់ត្រូវអនុវត្តន៍ការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស និងអនុវត្តន៍វិធានការ ៣កុំ ៣ការពារជាប្រចាំ។

៥៖ គ្រប់មន្ត្រី និយោជិត ដែលទទួលបានលិខិតបញ្ជាបេសកម្ម ចាំបាច់ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងចំគោលដៅ៕