(ភ្នំពេញ)៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បន្តផ្តល់ជំនួយបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សរុបជាថវិកាប្រមាណជា ៣៥ម៉ឺនដុល្លារអាមេរិក ជូនដល់ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

ជំនួយនេះត្រូវបានប្រកាសដោយ KOICA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។ ជំនួយជាសម្ភារៈបរិក្ខាពេទ្យនេះ រួមមាន៖ RNA ExtractionKits ចំនួន ១៨,៧៥០, SD Biosensor ចំនួន ១៤,៤០០, សំលីដើម្បីធ្វើការប្រមូលយកសំណាក (swap) ចំនួន ៤២,០០០ និងសម្ភារៈមួយចំនួនទៀត ដែលមានភាពចាំបាច់សម្រាប់ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍ដើម្បីពិនិត្យរកមេរោគកូវីដ១៩។ សម្ភារៈបរិក្ខាពេទ្យទាំងនេះ នឹងត្រូវបានប្រើប្រាស់ដោយមន្ទីពិសោធន៍ជាតិនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីពិនិត្យរកមេរោគកូវីដ១៩។

ទីភ្នាក់ងារ KOICA បានគូសបញ្ជាក់ថា ជំនួយនេះមិនមែនជាលើកទី១នោះទេ ទីភ្នាក់ងារ KOICA បានបន្តផ្តល់ជំនួយចាប់តាំងពីជំងឺកូវីដ១៩ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ខណៈ SD Biosensor ចំនួន ៨,៦៤០ ត្រូវបានផ្តល់ជូនតាមរយៈទីភ្នាក់ងារនេះកាលពីដើមឆ្នាំ២០២០។

បើតាម KOICA ការផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈកម្មវិធីការឆ្លើយតបចំពោះកូវីដ១៩ របស់ទីភ្នាក់ងារកយការ លើរបៀបវីរៈដើម្បីកសាងភាពល្អប្រសើរក្នុងការប្រឆាំងកូវីដ១៩តាមរយៈកិច្ចសហប្រតិបត្តការអភិវឌ្ឍន៍។ កម្មវិធីនេះជាគំនិតផ្ទួចផ្តើមរបស់សាធារណៈរដ្ឋកូរ៉េដែលធ្វើអន្តរាគមន៍ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ តាមការគាំទ្រផ្សេងៗ។

ក្រៅពីជំនួយដែលបានរៀបរាប់ខាងលើ ទីភ្នាក់ងារ KOICA បានផ្តល់ជំនួយជាច្រើនទៀតតាមរយៈកម្មវិធីនេះ ដូចជា៖ ការផ្តល់ជាទូយកសំណាកជំងឺកូវីដ១៩ ចំនួន ២០គ្រឿង និងគ្រែសែងអ្នកជំងឺកូវីដចំនួន៦២គ្រែ, ការផ្តល់សំភារៈការពារខ្លួនផ្សេងៗដូចជា ម៉ាសចំនួន ១០០,០០០ ម៉ាសពេទ្យចំនួន ៤,៥០០ ជែលលាងដៃចំនួន ២,០០០ ទៅកាន់មន្ទីពេទ្យកុមារជាតិ និងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត, ការជួយទ្រទ្រង់ជនងាយរងគ្រោះតាមរយៈការឧបត្តម្ភនូវស្បៀងអាហារ និងសំភារៈសង្គ្រោះបឋមនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៥រួមមាន កំពង់ស្ពឺ ក្រចេះ ឧត្តមានជ័យ បាត់ដំបង និងសៀមរាប និងការសហការជាមួយអង្គការជនភាសខ្លួនអន្តរជាតិលើការពង្រឹងលើការឆ្លើយតបទៅនឹងកូវីដ១៩ ចំពោះអ្នកចំណាកស្រុក នៅច្រកចេញចូល និង មណ្ឌលចត្តាឡីសក្កនៅក្នុងខេត្តចំនួន៥រួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តមានជ័យ សៀមរាប និងព្រៃវែង៕