(ភ្នំពេញ)៖ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំចំនួន៧ចំណុច ស្តីពីការបំពេញការងាររបស់មន្ត្រីរាជការ ក្នុងកំលុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះយោងតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ក្នុងសេចក្តីណែនាំរបស់ប្រធានសាលាឧទ្ធរណ៍ លោក យូ ប៊ុនឡេង បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលខាងលើ ឱ្យមានប្រសិទ្ធភាព ដើម្បីអាចបំពេញការងារជាសមត្ថកិច្ចរបស់ស្ថាប័នសាលាឧទ្ធរណ៍ភ្នំពេញ ដែលករណីមួយចំនួនត្រូវតែដំណើការ ដូច្នេះ ក្នុងនាមជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញសូមណែនាំ និងអនុវត្តដូចខាងក្រោម៖

ទី១៖ នៅក្នុងអំឡុងពេលបិទខ្ទប់ដូចបញ្ជាក់ខាងលើ សំណុំរឿងទាំងអស់ ត្រូវលើកពេលសវនាការ ដែលបានគ្រោងទុកចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ទៅពេលក្រោយវិញ វៀរលែងតែសំណុំរឿងណាដែលក្រុមប្រឹក្សាពិនិត្យឃើញថា ត្រូវធ្វើសវនាការជាចាំបាច់ និងទាន់ពេលវេលាដោយសារច្បាប់បញ្ញត្តិធានាដល់សិទ្ធិរបស់ភាគី។ នាពេលសវនាការសន្តិសុខ និងរដ្ឋបាលបន្ទប់សវនាការ ត្រូវរៀបចំរក្សាគម្លាតអ្នកចូលរួម និងវិធានផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ពិនិត្យបន្ទប់សវនាការ បើមានលទ្ធភាពអាចបើកបង្អួច ទ្វារចំហរ ឱ្យខ្យល់ចេញចូល និងប្រើកង្ហាជំនួសម៉ាស៊ីនត្រជាក់។

ទី២៖ ក្រៅពីករណីខាងលើចៅក្រមអាចពិនិត្យសំណុំរឿងដែលខ្លួនទទួលបន្ទុក និងចាត់ចែងធ្វើរបាយការណ៍លើសំណុំរឿងទាំងនោះ ដើម្បីជួយសម្រួលការងារដោះស្រាយសំណុំរឿងបានឆាប់រហ័សជៀសវាងការកកស្ទះ នៅក្រោយពេលមានស្ថានភាពប្រក្រតីឡើងវិញ។

ទី៣៖ នៅក្នុងអំឡុងពេលបិទខ្ទប់នេះជាគោលការណ៍មន្ត្រីទាំងអស់ត្រូវនៅធ្វើការអនឡាញតាមផ្ទះ។

ទី៤៖ ដើម្បីអាចបម្រើសេវាយុត្តិធម៌ដល់គ្រប់ភាគី ការទទួលសំណុំរឿង ការប្តឹងទាស់ ប្តឹងសាទុក្ខ និងការសុំបំពេញកិច្ចផ្សេងទៀត ឆ្លើយតបនឹងសិទ្ធិរបស់គ្រប់ភាគីតាមច្បាប់ អគ្គលេខាធិការរដ្ឋបាល ត្រូវចាត់មន្ត្រីរដ្ឋបាលតាមផ្នែកនីមួយៗដាក់វេនប្រចាំការ និងធ្វើលិខិតបញ្ជាបេសកកម្មជូនគាត់បង្ហាញដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីសម្រួលការធ្វើដំណើរទៅមកបំពេញភារកិច្ច។ ជាមួយនេះត្រូវចេញលិខិតបេសកកម្មជូនដល់អាជ្ញាសាលា ដើម្បីមានលទ្ធភាពបំពេញកិច្ចបាន។

ទី៥៖ ត្រូវធ្វើលិខិតបញ្ជាបេសកកម្មជូនចៅក្រម និងក្រឡាបញ្ជីម្នាក់ សម្រាប់ចៅក្រមមួយរូប ដើម្បីអាចមកបំពេញការងារបានតម្រូវដូចខាងលើ។ ព្រះរាជអាជ្ញា ដែលត្រូវមកបំពេញការងារជាមួយក្រុមប្រឹក្សាជំនុំជំរះ អាស្រ័យលើអគ្គព្រះរាជអាជ្ញាចាត់តាំង និងធ្វើលិខិតបញ្ជាបេសកកម្មជូនពួកគាត់។ សមាសភាពជំនុំជំរះទាំងអស់ ត្រូវមានទំនាក់ទំនងការងារបានល្អកាលបើមានកម្មវិធីសវនាការតម្រូវ។

ទី៦៖ លោកសង្ឃឹមថា លិខិតបេសកកម្មនេះនឹងយកទៅប្រើប្រាស់សម្រាប់តែការធ្វើដំណើរទៅមកបំពេញការងារស្ថាប័នប៉ុណ្ណោះ។

និងទី៧៖ ក្នុងករណីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលមានបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សេចក្តីណែនាំនេះ ក៏នៅមានប្រសិទ្ធភាពបន្តតាមពេលវេលាដូចគ្នាដែរ៕

សូមអានសេចក្តីណែនាំរបស់ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖