(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឲ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ។

ការចុះស្រង់ថ្លៃទំនិញ និងការណែនាំនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ លោកអោម ប៊ុនធឿន ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និងលោក ឆែ លឹមគ្រី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ចំនួន៦រូបទៀត នៅតាមស្តង់បណ្ដោះអាសន្នមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឡើង ស្ថិតក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown) មួយ ដើម្បីបញ្ឈប់ការរាតត្បាតដោយជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោក អោម ប៊ុនធឿន បានណែនាំឲ្យគ្រប់អាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឲ្យបានគ្រប់ផលិតផលឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងណែនាំកុំឲ្យមាន ការតម្លើងថ្លៃទំនិញ ឲ្យហួសកម្រិតខុសឆ្ងាយពីតម្លៃ ដែលបានលក់កន្លងមក (តម្លៃមុនពេលបិទខ្ទប់ Lockdown) ជាពិសេសលោក បានសំណូមពរដល់អាជីវករ និងអតិថិជនទាំងអស់ ឲ្យជួយសហការ ផ្ដល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនានា ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្នុងករណីមានជនឆ្លៀតឱកាសលក់តម្លើងតម្លៃកើតឡើង។

សូមបញ្ជាក់ថា ផ្សារចំនួនបី នៅក្រុងតាខ្មៅត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះរួមមានដូចជា ផ្សារតាខ្មៅចាស់ ផ្សារតាខ្មៅថ្មី និងផ្សារកាត់ជ្រុង (ផ្សារឯកជន) ហើយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំផ្សារបណ្ដោះអាសន្ន ដែលមានលក់បន្លែ ត្រី សាច់ ផ្លែឈើនានា នៅទីលានកីឡដ្ឋានបាល់ទាត់ ក្រុងតាខ្មៅជំនួសវិញ៕