(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេងៗ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធិភាពបំផុត ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសការធ្វើដំណើរចេញ-ចូល ខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការជំរុញបែបនេះ របស់លោកអភិបាលខេត្តត្បូងឃ្មុំ បានធ្វើឡើងនៅក្នុងឱកាសសំណេះសំណាល បន្តផ្តល់ស្បៀងអាហាររួមមានមី ១២០កេស ទឹកសុទ្ធ១២០កេស អង្ករ២៤បេ និងថវិកា ៣លាន៥ ០ម៉ឺនរៀល ដល់អាជ្ញាធរស្រុកទាំង៦គឺ ស្រុកត្បូងឃ្មុំ, ស្រុកក្រូចឆ្មារ, ស្រុកតំបែរ, ស្រុកមេមត់, ស្រុកពញាក្រែក និងស្រុកអូររាំងឪ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។

លោកបណ្ឌិតអភិបាលខេត្ត បានលើកឡើងបន្តថា ជាមួយនឹងការរឹតបន្តឹងនេះ អាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលផងដែរចំពោះប្រជាពលរដ្ឋដែលចេញចូលរកស៊ីប្រចាំថ្ងៃដែលមានភូមិផងក្បែរគ្នា បើអាចអនុគ្រោះត្រូវអនុគ្រោះដោយតម្រូវឲ្យអាជ្ញាធរមូលដ្នាន បញ្ជាក់ឲ្យបានច្បាស់លាស់។ បន្ថែមពីនេះអាជ្ញាធរភូមិ/ឃុំ ក៏ត្រូវតាមដានជាប់ជាប្រចាំ បើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួន ដោយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃជាបន្ទាន់។

ដោយឡែកជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានមានប្រសាសន៏កោតសរសើរចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានចូលរួមអនុវត្តគ្រប់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺអនុវត្តតាមការវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការ «៣កុំ និង៣ការពារ»។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញ និងក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត រាល់វិធានការនានាដែលបានដាក់ចេញ ដោយសហការឱ្យបានល្អជាមួយមន្រ្តីប្រចាំការតាមព្រំប្រទល់នីមួយៗ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការលួចឆ្លងដែនពីខេត្តត្បូងឃ្មុំ ទៅខេត្តផ្សេង និងពីខេត្តផ្សេង ចូលមកកាន់ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល៕