(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនឱ្យមានការជូនដំណើរសម្តេចឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា នោះឡើយ។ 

សារសម្លេងរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីសម្តេចតេជោនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ជាទម្លាប់រាល់ពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចេញក្រៅប្រទេស តែមានការជូនដំណើរពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់សម្តេច ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីជាដើម។ បើតាមសម្តេចតេជោ ការហាមមិនឱ្យមានការជូនដំណើរនេះ ដោយសាររាជធានីភ្នំពេញ កំពុងស្ថិតក្នុងការអនុវិធានការបិទខ្ទប់ និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៉ីថ្ងៃទី២៤ ខែមេសានោះ វេលាម៉ោងប្រមាណ៩យប់ សម្តេចនឹងហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ដំណើរត្រឡប់មកវិញ ក៏មិនតម្រូវឱ្យមានការទទួលដំណើរ ហើយក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលត្រឡប់មកវិញទាំងសម្តេច និងគណៈប្រតិភូ ត្រូវយកសំណាកពិនិត្យរកជំងឺកូវីដ១៩ ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ ដើម្បីធានាថា មានសុវត្ថិភាព មិនមានជំងឺកូវីដ១៩ ហើយចម្លងទៅអ្នកដទៃ។

ដោយឡែកសម្រាប់អ្នកព័ត៌មាន គឺអនុញ្ញាតឱ្យទៅយក តែត្រូវរក្សាគម្លាត ពោលគឺនៅឱ្យឆ្ងាយ៕