(កំពង់ឆ្នាំង)៖ បន្ទាប់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវរកឃើញស្ត្រីឈ្មោះ ហង់ ស៊ីម អាយុ៤២ឆ្នាំ ជាកម្មការនីរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) មានវិជ្ជមានកូវីដ១៩ ចេញលទ្ធផលកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដែលស្ត្រីរូបនេះបានបញ្ជាក់ប្រាប់ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តថា គាត់ និងកូនប្រុសត្រូវបានក្រុមគ្រូពេទ្យនៅភ្នំពេញ យកសំណាក និងបង្ហាញថាវិជ្ជមានកូវីដ១៩។

សូមបញ្ជាក់ថា សម្រាប់អ្នកកើតកូវីដទាំងពីរនាក់ ដែលកូនប្រុសឈ្មោះ រៀម សារ៉ាក់់ អាយុ១៨ឆ្នាំ ធ្វើការនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកទាំង២មានវិជ្ជមានកូវីដនោះ អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ឆ្នាំង បានឲ្យលោកបញ្ជូនក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ចុះទៅយកសំណាកពីកម្មករនិងកម្មការិនីចំនួន៩៥នាក់ (ប្រុស៥នាក់) នៅរោងចក្រខាងលើនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ជាបន្ទាន់។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ស្រុក បានឲ្យដឹងថា ក្រោយពីបានទទួលបានការណែនាំរបស់លោកអភិបាលខេត្តលោក ឈួរ ច័ន្ទឌឿន, ក្រុមការងារបានស្រាវជ្រាវរកកម្មករកម្មការិនីមួយចំនួន ដែលបានពាក់ព័ន្ធជាមួយនឹងយុវជនវិជ្ជមានកូវីដ១៩ ដើម្បីក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត និងផ្តល់ទីកន្លែងឲ្យពួកគាត់ស្នាក់នៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ។

លោកបានថា «កម្មករ កម្មការិនីទាំងអស់ត្រូវបានតំណាងក្រុមហ៊ុន អនុញ្ញាតឲ្យពួកគាត់នៅធ្វើចត្តាឡីស័កក្នុងអគាររោងចក្រនេះតែម្ដង ដោយរៀបចំឱ្យពួកគាត់មានកន្លែងស្នាក់នៅឲ្យបានសមរម្យ មានទាំងអាហារហូបចុក រីឯកន្លែងស្នាក់នៅ រៀបចំឲ្យមានពូក និងមានម៉ាស៊ីនត្រជាក់ជូនពួកគាត់ទៀតផង»។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករកម្មការិនី ដែលស្នាក់នៅធ្វើចត្តាឡីស័កក្នុងរោងចក្រទាំងអស់គ្នា សូមឱ្យមានការតស៊ូអត់ធ្មត់រយះពេល១៤ថ្ងៃ ហើយត្រូវរក្សាគម្លាត ដោយអនុវត្តន៍តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើអនាម័យខ្លួនប្រាណ និងឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាកុល ឲ្យបានខ្ជាប់ខ្ជួន ទើបនាំមកនូវសុខភាពល្អរបស់បងប្អូនទាំងអស់គ្នា៕