(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានស្នើសុំអភិបាលរាជធានីភ្នំពេញ ជួយសម្រួលនៅទីតាំងទីតាំងចំនួន ១៤កន្លែង នៅតាមបណ្តាខណ្ឌ នីមួយៗ ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់យោធិន និងគ្រួសារយោធិនមួយចំនួន ដែលកំពុងស្ថិតនៅតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ។

តាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា ការស្នើសុំទីតាំងទាំង១៤កន្លែង នៅតាមបណ្តាខណ្ឌក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ដើម្បីចាក់វ៉ាក់សាំងលើកទី២ (វ៉ាក់សាំង SINOPHARM) ជូនយោធិន និងគ្រួសារយោធិន នៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាល អនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

តារាងឈ្មោះទីតាំងទាំង១៤ ដែលអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ស្នើសម្រាប់ប្រើប្រាស់ជាមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវដ-១៩ លើកទី២ ជូនយោធិន និងគ្រួសារយោធិន ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖

ទី១៖ សាលាខណ្ឌទួលគោក មានទីតាំងស្ថិតនៅសាលាមត្តេយ្យទួលគោក
ទី២៖ សាលាខណ្ឌ ៧ មករា មានទីតាំងស្ថិតនៅសាលាបឋមសិក្សាវឌ្ឍនវិជ្ជា ផ្លូវលេខ២៣៨
ទី៣៖ សាលាខណ្ឌចំការមន មានទីតាំងស្ថិតនៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
ទី៤៖ សាលាខណ្ឌដូនពេញ មានទីតាំងស្ថិតនៅមន្ទីពេទ្យព្រកេតុមាលា
ទី៥៖ សាលាខណ្ឌឬស្សីកែវ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាច្រាំងចម្រេះ ផ្លូវជាតិលេខ៥
ទី៦៖ សាលាខណ្ឌព្រែកព្នៅ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាព្រែកព្នៅ ផ្លូវជាតិលេខ៥
ទី៧៖ សាលាខណ្ឌជ្រោយចង្វារ មានទីតាំងស្ថិតនៅវិទ្យាល័យព្រែកលាប ផ្លូវជាតិលេខ៦A
ទី៨៖ សាលាខណ្ឌពោធិ៍សែនជ័យ មានទីតាំងស្ថិតនៅកងពលតូចលេខ៧០ចោមចៅ, បញ្ជាការដ្នានការពារអាកាស និងកងទ័ពជើងគោកពោធិ៍ចិនតុង
ទី៩៖ សាលាខណ្ឌសែនសុខ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន សង្កាត់ឈ្មួញ ផ្លូវហាណូយ
ទី១០៖ សាលាខណ្ឌដង្ការ មានទីតាំងស្ថិតនៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស
ទី១១៖ សាលាខណ្ឌកំបូល មានទីតាំងស្ថិតនៅបញ្ជាការដ្ឋានទ័ពពិសេសកំបូល
ទី១២៖ សាលាខណ្ឌមានជ័យ មានទីតាំងស្ថិតនៅសាលាភាសាអន្តរជាតិ អេស៊ីអ៉ី (ភូមិព្រែកតាឡុង ចាក់អង្រែក្រោម) ផ្លូវជាតិលេខ២
ទី១៣៖ សាលាខណ្ឌបឹងកេងកង មានទីតាំងស្ថិតនៅវិទ្យាល័យជាស៊ីមបឹងកេងកង
និងទី១៤៖ សាលាខណ្ឌច្បារអំពៅ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាច្បារអំពៅទី១៕