(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ និងអាជីវករទាំងអស់ដែលលក់ដូរនៅជុំវិញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយជាប់ពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារនេះ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅ តូបលេខ០០៥ ផ្សារពិភពថ្មីឈូកមាស ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅពិនិត្យសំណាកជាបន្ទាន់នៅ ផ្លូវ A ខាងត្បូងផ្សារពិភពថ្មី ឈូកមាស។

គួរជម្រាបថា រហូតមកដល់ពេលនេះ ផ្សារតូច ធំជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបិទបណ្ដោះអាសន្នជាបន្ដបន្ទាប់ ក្រោយពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសអាជីវករនៅក្នុងផ្សារតែម្ដង៕