(ភ្នំពេញ)៖ ដើម្បីចូលរួមជួយសម្រួលដល់ការអនុវត្តភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ជូនសាជីចរាចរណ៍ចំនួន៦០០ និងរនាំងសុវត្ថិភាពចំនួន ៥០០ផ្ទាំង ដល់អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់កងកម្លាំងសមត្ថកិច្ចក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ពីធីប្រគល់ទទួលនេះធ្វើឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅអគ្គនាយកដ្ឋាននគរបាល និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមវត្តមានលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងលោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាក់សាធារណៈ។

ជាមួយគ្នានោះដែរលោក ឈួន វ៉ន់ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ត្រូវចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោក ជាពិសេសស្តាប់តាមការណែនាំរបស់មន្ត្រីនគរបាលចរាចរណ៍ ឬអាជ្ញាធរមូលដ្ឋាន នៅក្នុងគ្រាដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឆាប់បានវិលត្រឡប់ទៅរកជីវភាពប្រកបដោយប្រក្រតីភាពឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗក្នុងពេលខាងមុខនេះ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕