(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ អញ្ជើញចែកអំណោយអំណោយសម្តេចតេជោ ហ៊ុន សែ ន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ រស់នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចកចំនួន ២,០០០គ្រួសារ ដែលកំពុងរងផលប៉ះពាលដោយសារជំងឺកូវីដ-១៩។

ការចែកជូននៅអំណោយនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកស្រីបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានគិតគូរ និងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេច ជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ»។

លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានសូមអំពាវនាវឱ្យប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងអំឡុងពេលនៃការបិទរាជធានីភ្នំពេញនាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩។

លោកស្រីបានលើកឡើងថា ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឱ្យបានជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់នៃការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ។ ក្នុងរយៈពេលនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ក្រោយមានស្ថានភាពធូរស្បើយនៃការរីករាលដាល បើយើងអាចបិទខ្ទប់បានជោគជ័យ ប្រជាពលរដ្ឋអាចនឹងដើរហើរ និងប្រកបរបររកស៊ីប្រចាំជីវិតដូចធម្មតាឡើងវិញហើយ។

សូមបញ្ជាក់ថា លោកស្រីបណ្ឌិត ម៉ែន សំអន បានអញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់តំណាងប្រជាពលរដ្ឋចំនួន ២០០គ្រសារ ក្នុងចំណោម ២,០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ ១យួរ, ទឹកត្រី៦ដប និងទឹកសុីអុីវ៦ដប៕