(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បន្ដយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន១៣៤៥គ្រួសារ រស់នៅសហគមន៍ចំនួន១០ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាល នៃជំងឺកូវីដ-១៩។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានស្នើប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ កុំដាក់ទោស ចំពោះអ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ។ ហើយកម្មករ កម្មការិនី មានការងារធ្វើ មានជីវភាពប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ គឺដោយសារតែការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

លោក ឃួង ស្រេង បានអះអាងថា សម្ដេចបានខិតខំខ្លាំងខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុន មកវិនិយោគនៅកម្ពុជា ដើម្បីឲ្យបងប្អូនកម្មករកម្មការិនីមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះសូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយយើងឲ្យសោះ។

អភិបាលរាជធានីភ្នំពេញ បន្ថែមទៀតថា ជំងឺកូវីដ-១៩ បានកើតឡើងនៅទូទាំងពិភពលោក ហើយកម្មករ កម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវីដ-១៩នេះផងដែរ ។ ដោយឡែកសម្រាប់កម្មករ កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជំងឺកូវីដ-១៩ នេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់កម្មករ កម្មការិនីថែមទៀត។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពរដ្ឋទាំង១៣៤៥គ្រួសារនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ មី ត្រីខ ទឹកស៉ីអ៉ីវ និងទឹកត្រី៕