(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋភូមិព្រះរាមរង្សីជាង ៣០០គ្រួសារ បានទទួលអំណោយពីសប្បុរសជន និងថ្នាក់ដឹកនាំ បានយកមកចែកជូនដល់ពលរដ្ឋទាំងអស់នៅក្នុងភូមិដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានគ្រប់គ្រួសារ រយៈពេល១៤ថ្ងៃ បន្ទាប់ពីមានករណីប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិព្រះរាមរង្សីនេះ បានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយក្រុមគ្រួសារបានយកសពមកធ្វើបុណ្យនៅលំ នៅដ្ឋានដោយមិនបានដឹងថា សពមានវិជ្ជមានកូវីដ១៩។

លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២២ ខែមេសានេះថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារស្រុករលាប្អៀរ និងក្រុមការងារឃុំជ្រៃបាក់ បាននាំយកអំណោយរបស់លោក សូ សាម៉ន អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុករលាប្អៀរ និងអំណោយរបស់សប្បុរសជនជាច្រើននាក់ទៀត បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារ រួមទាំងក្រុមប្រជាការពារ នៅយាមតាមគោលដៅទាំង៥ជុំវិញភូមិព្រះរាមរង្សីផងដែរ។

លោកបានបញ្ជាក់ទៀតថា តាមរយៈក្រុមការងារស្រុកមានលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក សេង វិចិត្រ អភិបាលរងស្រុក និងក្រុមការងារឃុំជ្រៃបាក់ បាននាំយកអំណោយរបស់សប្បុរសជនរួមមាន៖ ទឹកសុទ្ធ២០កេសជាអំណោយរបស់លោក សូ សាម៉ន សាច់ជ្រូក១០០ គីឡូក្រាម មី២២កេស ទឹកត្រី៦យួរ ទឹកស៊ីវអ៊ីវ៥យួរ ទឹកសុទ្ធវីតាល់១កេស និងទឹកក្រូចកូកាកូឡា១កេស ជា អំណោយរបស់សប្បុរសជន។

អំណោយទាំងអស់ខាងលើនេះ បានយកទៅប្រគល់ជូនអាជ្ញាធរភូមិ ដើម្បីឲ្យលោកចាត់ចែងទៅតាមគ្រួសារនីមួយៗ ជាក់ស្តែងបើទោះជាអំណោយទាំងអស់នេះមានតិច តួចស្តួចស្ដើងយ៉ាងណាក្តី ក៏ជាទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ជួយរំលែកនៅការខ្វះខាតរបស់បងប្អូនបានមួយចំណែក ក្នុងកាលៈទេសៈដែលបងប្អូនកំពុងតែធ្វើចត្តាឡីស័ក នៅតាមផ្ទះរយៈពេល១៤ថ្ងៃនេះ។

ឆ្លៀតនៅក្នុងឱកាស នៃការចុះសួរសុខទុក្ខនេះលោក សោម វឺន ប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុក បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះរយៈពេល១៤ថ្ងៃនេះ សូមឱ្យបងប្អូនមានការតស៊ូ អត់ធន់ អាជ្ញាធរបានគិតគូរដល់បងប្អូនជានិច្ច ការដាក់ឱ្យបងប្អូននៅធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ដោយមិនអនុញ្ញាតឲ្យចេញក្រៅមូលដ្ឋាន ដោយសារ តែអាជ្ញាធរមានការគិតគូរដល់សុខមាលភាពរបស់បងប្អូន ខ្លាចក្រែងមានការឆ្លងជំងឺដ៏កាចសាហាវមួយនេះដល់ក្រុមគ្រួសាររបស់បងប្អូន។

ក្នុងនោះដែរ លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រក បានលើកទឹកចិត្តដល់ក្រុមប្រចាំការដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ និងបង្ការជម្ងឺកូវីដ១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនកងកម្លាំង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យបានខ្ជាប់ខ្ជួន៕