(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានអំពាវនាវតាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឱ្យអាជ្ញាធរពាក់ព័ន្ធ ស្រង់ស្ថិតិអ្នកធ្វើចត្តាឡីស័កនៅតំបន់ក្រហម ដែលនឹងត្រូវចាកវ៉ាក់សាំងដូសទី២ ដើម្បីឱ្យគណៈកម្មការរៀបចំកម្មវិធីផ្តល់វ៉ាក់សាំងជូនពួកគាត់។

ជាមួយនឹងការអំពាវនាវនេះ លោកស្រី ឱ វណ្ណឌីន បានស្នើដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់ក្រហម ហើយដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាន ដោយបញ្ជាក់ប្រាប់អាជ្ញាធរនូវកាលបរិច្ឆេទនៃការចាក់ដូសទី១ និងប្រភេទវ៉ាក់សាំងដែលបានចាក់ ដើម្បីឱ្យអាជ្ញាធររៀបចំបញ្ជីឈ្មោះ ជូនទៅគណៈកម្មការចំពោះកិច្ច ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំង។

ទោះជាយ៉ាងនេះក្តី លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវផងដែរដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ អនុវត្តឱ្យបានត្រឹមត្រូវ ក្នុងការធ្វើចត្តាឡីស័កឱ្យបាន១៤ថ្ងៃ ហើយមិនត្រូវចេញក្រៅនោះឡើយ។ ការចេញក្រៅ ឬចល័តរបស់អ្នកធ្វើចត្តាឡីស័ក អាចបង្កជាហានិភ័យ ប្រសិនបើរូបគាត់ ត្រូវបានឆ្លងកូវីដ១៩ ដែលអាចដឹងនៅពេលធ្វើតេស្តម្តងទៀត។

លោកស្រី ក៏បានស្នើដល់អ្នកដែលធ្វើចត្តាឡីស័កទាំងនោះ កុំឱ្យមានការបារម្ភ ព្រោះការចាក់វ៉ាក់សាំងដូសទី២នេះ មិនមានហានិភ័យចំពោះភាពយឺតយ៉ាវបន្តិចបន្តួចនោះទេ ប៉ុន្តែនឹងមានប្រសិទ្ធភាពថែមទៀត។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចកំណត់តំបន់មួយ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»។ ទីតាំងដែលត្រូវកំណត់ជា «តំបន់ក្រហម» នៅរាជធានីភ្នំពេញនោះរួមមាន៖

* ទី១៖ ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ
* ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
* ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក៕