(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ចំនួន១៩៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ សង្កាត់ទន្កេបាសាក់ និងសង្កាត់ផ្សរដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានថ្លែងតាមឧគ្ឃោសនៈស័ព្ទថា នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក នាសព្វថ្ងៃនេះមានចំនួន៦០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

ជាមួយគ្នានោះដែរ អភិបាលខណ្ឌចំការមន ថេង សុថុល ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចលេខ ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា អោយបានម៉ឺងម៉ាត់ និងថែរក្សាអនាម័យ ខ្លួនប្រាណអោយបានល្អត្រឹមត្រូវជាប្រចាំរៀងរាល់ថ្ងៃដោយលាងដៃជាមួយទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ហើយត្រូវនាំគ្នាអនុវត្តតាមការណែនាំអោយបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំជានិច្ចដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩។ លោក សុន សិទ្ធី នាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុង៕