(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមានការឆ្លងកាត់ព្រំប្រទល់ខេត្ត ប៉ុន្តែបន្តត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ហើយបន្ត បិទខ្ទប់សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាបដដែល។

តាមរយៈបណ្តាញសង្គម Facebook នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជូនដំណឹងដល់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទាំងអស់អំពីវិធានការរបស់ខ្លួន បន្ទាប់ពីមានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល។

លោកអភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខេត្តសៀមរាបយើង បានអនុវត្តតាមការណែនាំរបស់រាជ រដ្ឋាភិបាល ក៏ប៉ុន្តែយើងនៅតែបន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ដោយឡែក សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (បម្រាមគោចរ) នៅបន្តដដែល»

ជាមួយនឹងការប្រកាសអនុវត្តសេចក្តីសម្រេចថ្មីនេះ លោក ទៀ សីហា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តការការពារខ្លួន តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។ ជាពិសេសអនុវត្តវិធានការ «៣កុំ ៣ការពារ» ដែលមានន័យថា ៣ការពារ៖ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល។ ៣កុំ៖ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នាជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

សេចក្តីសម្រេចនេះអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម៕