(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ នៅថ្ងៃទី២៥ ខែមេសានេះ បានបញ្ជាឲ្យអាជ្ញាធរក្រោមឱវាទបើកព្រំប្រទល់ខេត្តនេះ ដោយអនុញ្ញាតឲ្យមានការឆ្លងកាត់ឡើងវិញ តែត្រូវយកយន្តការគ្រប់គ្រងនៅមូលដ្ឋាន សម្រាប់អ្នកចំណូលថ្មី ដើម្បីការពារ និងទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។

លោកស្រី បាន ស្រីមុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមដាក់បទបញ្ជាឲ្យដកគោលដៅទាំងអស់ថយក្រោយវិញ បញ្ចប់ការត្រួតពិនិត្យការឆ្លងខេត្ត ចាប់ពីម៉ោងនេះ ហើយក៏សូមងាកមកគ្រប់គ្រងការងារនៅតាមមូលដ្ឋានវិញ។ បានន័យថា យើងយកយន្តការគ្រប់គ្រងនៅមូលដ្ឋាន ដើម្បីគ្រប់គ្រងអ្នកចំណូលថ្មី និងការពារទប់ស្កាត់មេរោគកូវីដ១៩»

លោកស្រីអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រោមឱវាទ អនុវត្តតាមសេចក្តីសម្រេចថ្មីនេះ ឲ្យបានម៉ត់ចត់ទាំងអស់គ្នា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ សេចក្តីសម្រេចនេះអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!

App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia