(ភ្នំពេញ)៖ បន្ទាប់ពីការចែកអំណោយដល់ប្រជាពលរដ្ឋ២០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ២ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញបន្តចែកអំណោយដែលជាកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារបន្ថែម (តំណាង៥០នាក់មកទទួល) រស់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ក្នុងមតិសំនេះសំណាល លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះសុខសន្តិភាព ដែលកំពុងទទួបាននាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហើយយើងត្រូវចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ៣កុំ និង៣ការពារ ក៏ដូចជាវិធានការការពារ ដែលបានណែនាំដោយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។ លោកបានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ហើយកុំជឿការឃោសនាអកុសល ពីសំណាក់ជនអគតិមួយចំនួន។

បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចកក្រ អារ៉ាប៊ី សាអូឌីត តំណាងដោយក្រសួងកិច្ចការសាសនា តាមរយៈស្ថានទូតនៅទីក្រុងហាណូយ និងការិយាល័យក្រុមប្រឹក្សាឥស្លាម នាទីក្រុងបាងកក និងតាមរយៈតំណាងការិយាល័យក្រុមប្រឹក្សាឥស្លាមនៅកម្ពុជា ដែលបានផ្តល់អំណោយជាកញ្ចប់អាហារសម្រាប់ចូលបួសក្នុងឆ្នាំនេះ ដែលមានសរុបចំនួន១,០០០កញ្ចប់ សម្រាប់អ្នកបួសនៅប្រទេសកម្ពុជា ចំនួន១,០០០គ្រួសារ។ ដោយឡែកការចែកជូននាពេលពេលនេះ មានចំនួន៤០០កញ្ចប់ ហើយកញ្ចប់ដែលនៅសល់ នឹងធ្វើការចែកជូនបងប្អូន នៅទីកន្លែងផ្សេងទៀត។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងប្រតិភូអមដំណើរ បានធ្វើការបែងចែកកញ្ចប់អាហារចំនួន៥០កញ្ចប់ ជានិមិត្តរូប ហើយចំនួនដែលនៅសល់នឹងចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ។

គួររំលឹកផងថា ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលពីសំណាក់ លោក លោកស្រី និងអាជ្ញាធរមូលដ្ឋានដែលមានដូចជា លោកស្រី ម៉ាន ណាវី សមាជិកសភាជាតិមណ្ឌលភ្នំពេញ, លោក ស្មាន ម៉ាណាន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ម៉ាន សុក្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក យ៉ូប អាស្អារី អនុរដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា និងលោកស្រី ភរិយាលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។

ក្នុងកញ្ចប់អំណោយនីមួយៗ មានអង្ករ ១៥គីឡូក្រាម, ស្ករស ២គីឡូក្រាម, ទឹកដោះគោខាប់ ២កំប៉ុង, ត្រីខ ៥កំប៉ុង, មី ១០កញ្ចប់, ប្រេងឆា ១លីត្រ និងទឹកត្រី១ដប៕