(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រកាសថា ប្រសិនបើជាក្រុមការងារសុខាភិបាលធ្វើតេស្តរកឃើញកម្មករ-កម្មការនីនៅរោងចក្រណាមួយ មានវិជ្ជមានជំងឺកូវីដ១៩ ចាប់ពី ៥% ឡើងទៅ នោះរដ្ឋបាលខេត្តនឹងសម្រេចបិទរោងចក្រជាបណ្ដោះអាសន្នតែម្តង ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ។

លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះនៅក្នុងអង្គជំនុំជាមួយតំណាងរោងចក្រចំនួន ៥ នៅស្រុកអង្គស្នួល ដែលសង្ស័យមានការពាក់ព័ន្ធគ្នាជាមួយនឹងកម្មការនី ដែលមានផ្ទុកវិជ្ជមានកូវីដ១៩ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ។

តំណាងរោងចក្រដែលមានវត្តមានក្នុងកិច្ចប្រជុំនាព្រឹកនេះ រួមមាន ១-រោងចក្រ សាន់ ប៊េស ២-រោងចក្រ ហ្គ្រេន អូរៀនថល ៣-រោងចក្រ VANCO ៤-រោងចក្រ CAMAPI ៥-រោងចក្រ ANDER Sen។ ក្នុងស្រុកអង្គស្នួលមាន ១១៦រោងចក្រ ដោយមានកម្មករ-កម្មការិនី និយោជិតបម្រើការងារប្រមាណជាង ៦ម៉ឺននាក់។

លោកអភិបាលខេត្តបានលើកឡើងថា ជាលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋបាលស្រុក និងតំណាងរោងចក្រទាំង ៥ គឺបានព្រមព្រៀងឯកភាពគ្នា ដោយត្រូវយកសំណាកកម្មករនិយោជិតទាំងអស់ធ្វើតេស្ត ដោយប្រើឧបករណ៍ Rapid Test ជាបន្ទាន់ ទៅលើផ្នែកសំខាន់ៗដែលប្រឈមហានិភ័យខ្ពស់ចំនួន ២០% នៃចំនួនកម្មករនិយោជិតសរុប ក្នុងនោះមានផ្នែកសន្តិសុខ អ្នកគ្រប់គ្រង អ្នកបើកបរថយន្ត ក្រុមអ្នកជិះឡានរួមគ្នាច្រើន។

លោក គង់ សោភ័ណ្ឌ បានបន្តថា ចំពោះមុខក្នុងករណីរកឃើញមានវិជ្ជមានកូវីដ-១៩ នៅក្នុងរោងចក្រ គឺត្រូវដាក់ព្យាបាលពួកគាតនៅក្នុងរោងចក្រផ្ទាល់តែម្តង ចំណែកអ្នកប៉ះពាល់ផ្ទាល់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងរោងចក្រតែម្តង សម្រាប់អ្នកស្នាក់នៅផ្ទះជួល ប៉ុន្តែសម្រាប់អ្នកមានអាសយដ្ឋាននៅខេត្ត ស្រុក ឃុំណា នឹងត្រូវបញ្ជូនឱ្យធ្វើចត្តាឡីស័កនៅខេត្ត ស្រុក ឃុំនោះសម្រាប់គ្រប់គ្រងបន្ត។

គួរជម្រាបថា រោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) រកឃើញកម្មការនីមានវិជ្ជមានកូវីដ១៩ ចំនួន ២១៨នាក់ ក្រោយធ្វើតេស្តលើកម្មករនិយោជិតចំនួន ១,០១៣នាក់ កាលពីម្សិលមិញ៕