(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកម្លាំងជួរមុខ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៥ ដែលឈរជើងនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបង្ហាញអំពីការសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ។

ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៥ ដោយបានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពមួយចំនួន កងកម្លាំងប្រដាប់អាវុធទាំង ៣ និងអាជ្ញាធរស្រុកឃុំផ្សេងទៀត។

អំណោយដែលនាំយកប្រគល់ជូននោះ រួមមាន អង្ករ ១,៥០០គីឡូក្រាម, ទឹកបរិសុទ្ធ ២៩កេស, មី ៨កេសធំ, ត្រីខ ៥កេសធំ, ទឹកត្រី និងទឹកស៊ីអ៉ីវ ៦យួរ និងថវិកា ២,០០០,០០០រៀល ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ គិតគូរជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ជាពិសេសកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរចំពោះការពុះពារការលំបាក ការខិតខំបំពេញភារកិច្ចរបស់កងម្លាំង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ ជាមួយប្រទេសជិតខាងបានល្អប្រសើរក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

លោកបានជំរុញឱ្យកងកម្លាំងនគរបាលធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យខាងតែបាន នៃការរីករាលដាលនៃវីរុសកូវីដ១៩ កុំឱ្យចូលក្នុងសហគមន៍ និងរួមគ្នាអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាឱ្យបានត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានបន្តចុះត្រួតពិនិត្យទីតាំងសម្បទានដីសង្គមកិច្ច ដែលខេត្តបានត្រៀមបម្រុងទុកសម្រាប់ចែកជូនដល់កងកម្លាំងដែលខ្វះខាត នៅជិតនឹងខ្សែផ្លូវតាមក្រវាត់ព្រំដែនព្រមទាំងបន្តចុះផ្សព្វផ្សាយ សេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នៅគោលដៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕