(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ ក្នុងភូមិសាស្ដ្រខេត្ត។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដូចនេះរដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញ-ចូល ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺជាមួយបណ្តាខេត្តផ្សេងៗទៀត»។

ដោយឡែកចំពោះការអនុវត្តវិធានការរដ្ឋបាលលេខ ០៤៦/២១ សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចនានា របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពីការបិទខ្ទប់តំបន់ដែលមានប្រឈមប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបន្តអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី៕