(កណ្ដាល)៖ មន្ត្រីយោធាម្នាក់រួមជាមួយបក្ខពួកប្រុសស្រី ២នាក់ទៀត ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោយពីពួកគេធ្វើដំណើរតាមរថយន្តនៅពេលយប់ ជាមួយនឹងស្ថានភាពស្រវឹងស្រាជោក ដែលជាការបំពាននឹងបម្រាមគោចររបស់រដ្ឋបាលខេត្តកណ្ដាល ក្នុងពេលរីករាលដាលជំងឺកូវីដ១៩នេះ។

លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះថា មន្ត្រីយោធាម្នាក់រួមនឹងបក្ខពួកពីរនាក់ខាងលើនេះ ត្រូវបានចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនបណ្ដោះអាសន្នសិន ដោយត្រូវស៉ើបសួរបន្តទៀត។

គួរជម្រាបថា នៅយប់ថ្ងៃទី២៤ ខែមេសា មន្ត្រីយោធា និងបក្ខពួក ក្នុងស្ថានភាពស្រវឹងស្រាផងនោះ បានបើករថយន្តមកដល់ចំណុចផ្លូវ១១៥ ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាចំណុចសមត្ថកិច្ចហាមឃាត់។ ខណៈនោះសមត្ថកិច្ចក៏បានឃាត់សួរនាំ និងពិនិត្យកម្រិតជាតិអាល់កុល ឃើញថាបុគ្គលទាំងបីរនាក់មានផ្ទុកជាតិអាល់កុល។ ក្រោយត្រួតពិនិត្យចប់សព្វគ្រប់ហើយ សមត្ថកិច្ចក៏បានបញ្ជូនជនទាំងនេះមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖

១៖ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សី មុខរបរជាមន្ត្រីយោធា នៅនាយកដ្ឋានវិស្វកម្ម មានកម្រិតជាតិអាកុល ០.០៧៦មីលីត្រខ្យល់។

២៖ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

៣៖ ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មុខរបរគ្រូចិនសែ៕