(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃទេយ្យទានស្បៀងអាហារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានយកទៅប្រគេនព្រះសង្ឃគង់នៅវត្តក្នុងរាជធានីភ្នំពេញ ចំនួន ១៤២វត្តហើយ ខណៈវត្តចំនួន៨ទៀត នឹងយកទៅប្រគេននៅថ្ងៃស្អែក។

អំណោយទេយ្យទានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកទៅប្រគេនព្រះសង្ឃដោយលោក ឆារស៍ វ៉ាន់, លោក សៅ ភិរុណ, លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងមានការចូលរួមពីកងអន្តរាគមន៍លេខ៩ ការពារគោលដៅទីស្ដីការនាយករដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី និងកងអន្តរាគមន៍ទី១០ ដឹកជញ្ជូន១៤៤ ក្នុងការដឹកជញ្ជូនទេយ្យទានប្រគេនព្រះសង្ឃតាមវត្តនីមួយៗ។

ដោយមើលឃើញពីការខ្វះខាតរបស់ព្រះសង្ឃគង់នៅតាមវត្តនានាក្នុងកំលុងពេលការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ចែងទេយ្យជាស្បៀងអាហារយកទៅប្រគេនតាមវត្តក្នុងរាជធានីភ្នំពេញ ប្រមាណ ១៥០វត្ត។

ក្នុងពិធីប្រគល់ទេយ្យទាននេះ តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជំងឺកូវីដ១៩នាពេលនេះ។

តំណាងសម្តេចទាំងទ្វេ ក៏បានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គថា ក្នុងដំណាក់កាលប្រទេសកម្ពុជាកំពុងឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩។

ជាពិសេសកំលុងពេលបិទខ្ទប់នេះ ព្រះសង្ឃមិនអាចនិមន្តបិណ្្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទ ក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរ ទើបសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានគិតគូរអំពីការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាទូទាំងរាជធានីភ្នំពេញ។

លើសពីនេះ តំណាងក៏បានទូលប្រគេនព្រះសង្ឃ ដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល។ ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ១៩ នេះ។

ព្រះសង្ឃគ្រប់ព្រះអង្គតាមវត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះការខ្វះខាតរបស់ព្រះសង្ឃតាមទីអារាមនានា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩។ ព្រះតេជគុណជាថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាមនីមួយៗ ក៏បានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។

សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃនេះ ក្នុងមួយវត្តទទួលបាន៖
១៖ អង្ករចំនួន១តោន
២៖ ត្រីខចំនួន ២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣៖ មីជាតិចំនួន ២០កេស
៤៖ ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥៖ ទឹកដោះគោខាប់ចំនួន ២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦៖ កាហ្វេចំនួន ៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)
៧៖ តែចំនួន ២គីឡូក្រាម
៨៖ ស្ករសចំនួន ១បេ (មាន ២៥ គីឡូក្រាម)
៩៖ អំបិលចំនួន ១បេ (មាន១០គីឡូក្រាម)
១០៖ ទឹកត្រីចំនួន ៥យួរ (ក្នុង១យួរមាន៦ ដប)
១១៖ ទឹកស៊ីអ៉ីវចំនួន ៥យួរ (ក្នុង១យួរមាន៦ ដប)
១២៖ ប៊ីចេងចំនួន ១បេ (មាន២៥គីឡូក្រាម)៕