(ព្រះសីហនុ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្សារលក់គ្រឿងឧបភោគបរិភោគបណ្តោះអាសន្ន ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតផ្សារទំនើប Furi សូមមកទិញគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងទេសជាច្រើនមុខទៀត នៅទីតាំងផ្សារបណ្តោះអាសន្ន ដែលរដ្ឋបាលខេត្តបានរៀបចំនេះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ដោយមានការរឹតត្បិតក្នុងការធ្វើដំណើរ ដើម្បីចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ខណៈពេលដែលក្រុងព្រះសីហនុ កំពុងមានការឆ្លងរីករាលដាលកើនឡើង។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់អ្នកគ្រប់គ្រង និងអាជីវករលក់ដូរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើសកម្មភាពលក់ដូរ ចាំបាច់ត្រូវអនុវត្តតាមសង់ដារប្រតិបត្តិរបស់ផ្សារ និងត្រូវរក្សាអនាម័យ ពាក់ម៉ាស គម្លាតសុវត្ថិភាព លាងដៃជាមួយនឹងទឹកអាល់កុល ជែល និងទឹកសម្លាប់មេរោគផ្សេងៗឱ្យបានជាប្រចាំ ជាពិសេសត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ បីការពារបីកុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីយើងចៀសសផុតពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍បន្តទៀត៕