(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាដើម្បីកាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅកម្ពុជា, រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច និងបានផ្តល់សិទ្ធិឲ្យអភិបាលរាជធានី-ខេត្ត បិទខ្ទប់ទីតាំង ភូមិ ឃុំ/សង្កាត់ ក៏ដូចជាស្រុក/ខណ្ឌ/ក្រុងទាំងឡាយណា ដែលផ្ទុះការឆ្លងជំងឺនេះក្នុងទ្រង់ទ្រាយធំ។

គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ មានក្រុងៗ៣ និងរាជធានីភ្នំពេញ ដែលកំពុងត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន រួមមាន៖

១៖ រាជធានីភ្នំពេញ (ត្រូវបិទទាំងមូល)
២៖ ក្រុងតាខ្មៅ ខេត្តកណ្តាល
៣៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៤៖ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ក្រៅពីនេះនៅមានបណ្តាទីតាំង ភូមិ និងឃុំ/សង្កាត់ ជាច្រើនទៀត ក៏ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នផងដែរ រួមមាន៖

១៖ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
២៖ ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
៣៖ សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប
៤៖ ឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង
៥៖ មួយផ្នែកនៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
៦៖ ភូមិបន្ទាយរកា ឃុំក្រាំងដី វ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៧៖ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង
៨៖ ខេត្តតាកែវ មានទីតាំង២ រួមមាន៖ ភូមិព្រៃស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី និងភូមិស្នោរ ឃុំស្នោរ ស្រុកព្រែកកប្បាស
៩៖ ខេត្តកំពង់ចាម មានទីតាំង៤ រួមមាន៖ ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ, ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ, ភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស និងភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ
១០៖ ភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
១១៖ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង
១២៖ ភូមិកោងកាង១ និងភូមិកោងកាង២ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន។

សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន។

សេចក្ដីសម្រេចនេះមានន័យថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការចេញចូលខេត្ត-ខេត្ត ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គឺនៅអនុវត្តដដែល រហូតមានការសេចក្ដីសម្រេចថ្មីបន្ថែមទៀត៕