(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីណែនាំថ្មីថា ក្នុងករណីដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន, គណៈអភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នាដើម្បីដាក់ចេញនូវវិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ភូមិសាស្ត្រខេត្ត ដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជាបណ្តោះអាសន្ន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ក្នុងសេចក្តីណែនាំ (ចំណុច៤) ដែលចេញថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះយ៉ាងដូច្នេះថា៖

«ករណីដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន, គណៈអភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នាដើម្បីដាក់ចេញនូវវិធានការ រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ភូមិសាស្ត្រខេត្ត ដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជាបណ្តោះអាសន្ន ដោយអនុវត្តស្របតាមអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

បន្ថែមពីលើការពង្រឹងវិធានការដូចបានណែនាំខាងលើ និងដោយផ្អែកលើសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន, គណៈអភិបាលរាជធានី-ខេត្តត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីដាក់ចេញឱ្យបានឆាប់រហ័ស និងទាន់ពេលវេលានូវវិធានការផ្សេងទៀត ស្របតាមអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាអាទិ៍៖

* វិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩

* វិធានការបិទខ្ទប់ទីកន្លែង តំបន់ ឬភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩

* វិធានការរឹតត្បិត ឬការហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្សដែលសកម្មភាពនេះអាចបណ្តាលឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាអាទិ៍ ការជួបជុំសេពគ្រឿងស្រវឹង

* វិធានការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាអាទិ៍ ការហាមឃាត់ការលក់ដូរគ្រឿងស្រវឹង

* វិធានការបម្រាមគោចរ

* វិធានការកំណត់ និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ១៩, វិធានការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័ក និងការព្យាបាល

* ការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ "៣ការពារ និង ៣កុំ" ។ល។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដើម្បីសម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមកិច្ច រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឲ្យដំណើរការឡើងវិញនូវរមណីដ្ឋានទេសចរណ៍ នៅតាមបណ្ដាខេត្ត លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល និងតំបន់បិទខ្ទប់ផ្សេងទៀត ដែលស្ថិតនៅជាធរមាន៕