(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា កម្ពុជានៅតែមានសង្ឃឹម បើទោះជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ១៩ ដ៏អាក្រក់ក៏ដោយ។ នេះបើតាមសេចក្តីប្រកាសរបស់ WHO ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅទូទាំងសកលោក ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ក្នុងមួយសប្តាហ៍បានកើនឡើងជិត ទ្វេដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុត មិនធ្លាប់មានកន្លងមក។ ខណៈនេះនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុង រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយក្នុងនោះរយៈពេល ៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី ២៩១ ទៅ ៦៥៥នាក់ក្នុងមួយថ្ងៃ។

លោកស្រីវេជ្ជបណ្ឌិត លី វៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «យើងដឹងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរស្ថានការណ៍ឱ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុង មួយ ជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព»

ភស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះ បង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ចំនួនបី ដើម្បីអាចដោះស្រាយបញ្ហារាតត្បាតនៃជំងឺឆ្លងមួយនេះ ប្រកបដោយប្រសិទ្ធភាព បាន។ ទីមួយគឺថ្នាក់ដឹកនាំត្រូវតែបោះជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការ ហើយទីពីរសង្គមទាំងមូលត្រូវតែចូលរួម និងទីបីពលរដ្ឋគ្រប់គ្នា ត្រូវប្រកាន់ខ្ជាប់ និង អនុវត្តតាមវិធានការសុខភាពសាធារណៈទាំងអស់ដែលដាក់ចេញ។

លោកស្រីវេជ្ជបណ្ឌិត លី វៃឡាន មានប្រសាសន៍ថា «នៅពេលដែលសមាសធាតុទាំងអស់នេះ រួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន។ យើងបានមើលឃើញការដឹកនាំដ៏រឹងមាំរបស់ថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកជាច្រើន។ ប៉ុន្តែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខ មិនទាន់គ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវមានការរួបរួមសាមគ្គីគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋគ្រប់ៗរូប។ ការរួបរួមគ្នានេះ ជាគន្លឹះនាំទៅដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»

ជំងឺកូវីដ-១៩ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមផងដែរ។ ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើយើងគ្រប់គ្រងស្ថានការ ផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍បន្ថែមថា «គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ចត្រូវបានបង្ហាញយ៉ាងច្បាស់ដូចជាពេលបច្ចុប្បន្ននេះទេ ហេតុដូច្នេះហើយទើបវិស័យឯកជនជាដៃគូសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការផ្ទុះឡើង នៃជំងឺនេះ»

វីរុសកូវីដ-១៩ រាលដាលងាយបំផុតនៅកន្លែងដែលមានមនុស្សច្រើនកកកុញ និងកន្លែងបិទជិតដែលមានមនុស្សនៅជិតៗគ្នា។ នៅកម្ពុជា កន្លែងទាំងនេះ មានដូចជានៅក្លឹបរាត្រី កន្លែងសេវាកម្សាន្តផ្សេងៗ រោងចក្រ និងផ្សារ រួមទាំងនៅតាមអាជីវកម្មតូចៗ ការជួបជុំជាលក្ខណៈគ្រួសារ និងនៅតាមភោជនីយដ្ឋានផងដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អេឡាន មានប្រសាសន៍ថា ការផ្ទុះឡើងនូវជំងឺនាពេលបច្ចុប្បន្ន នៅតាមរោងច្រក និងផ្សារនានា ជាសារមួយដ៏គួរឱ្យឈឺចាប់ដែលរំលឹកប្រាប់យើងអំពីសារសំខាន់នៃការដាក់ចេញនិងអនុវត្តវិធានការក្នុង ងការកាត់បន្ថយហានិភ័យឱ្យបានមុនពេលដែលមានការផ្ទុះណាមួយកើតឡើង ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគ៕