(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម» នេះបើតាមសារសម្លេងរបស់សម្តេចតេជោ ដែលលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីសម្តេច នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។
សម្តេចតេជោបញ្ជាក់ថា ពេលថ្លែងសារបទបញ្ជានេះគឺពេលសម្តេចកំពុងធាក់កង់ហាត់ប្រាណ ដូច្នេះសម្លេងរៀងហត់បន្តិច។
តាមរយៈសារសំឡេង ដែលផ្ញើទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងផ្ញើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ពេលសម្តេចកំពុងហាត់ប្រាណ គឺសម្តេចបានចេញបញ្ជាឲ្យ ក្រសួងការពារជាតិ ទទួលភារកិច្ចពីគណៈកម្មការចំពោះកិច្ច ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះ ហើយក្នុងយុទ្ធនាការនេះត្រូវធ្វើឲ្យបានលឿនបំផុត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ហើយឲ្យកងទ័ពចូលធ្វើតែម្តង ហើយដើម្បីចៀសវាងប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ ទ័ពចូលទៅរកទីតាំងនៅក្នុងហ្នឹង ដោយទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ឲ្យកងទ័ពអនុវត្តតែម្តង យកវ៉ាក់សាំងចាក់ជូនប្រជាជននៅតំបន់ហ្នឹង»។
សម្តេចបន្តថា «ពេលចាក់វ៉ាក់សាំងហ្នឹង កុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឲ្យតែយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ទៅ ព្រោះសុទ្ធតែប្រជាជនយើងដដែល តែយើងត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ។ អញ្ចឹងយើងយើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ប្រើកម្លាំងកងទ័ពចាក់តែម្តង»។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,០៦៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,៥១៣នាក់, អ្នកជាសះស្បើយចំនួន ៣,៧០៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧២៧០នាក់, អ្នកស្លាប់ចំនួន ៨២នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕