(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ សរុបទាំងចំនួន២៤៤នាក់ ដែលបានរកឃើញ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែមេសា ឆ្នាំ២០២១។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង២៤៤នាក់ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅទីតាំងដែលអាជ្ញាធរមូលដ្ឋាន បានរៀបចំនៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួន ឲ្យបានត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុង សម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តថា បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងករណីមានការប្រែប្រួលសុខភាព ខុសប្រក្រតីដូចជា ឡើងកម្ដៅលើកពី៣៧អង្សាសេ ក្អក កណ្តាស់ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩៕