(ភ្នំពេញ)៖ ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ក្នុងប្រទេសរបស់យើងបានឆាប់ហើយនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ដល់បងប្អូនឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យផងដែរ។

ការលើកឡើងដូច្នេះ ក្នុងឱកាសលោកអភិបាលខណ្ឌ និងលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ចែកជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ចំនួន២ រួមមាន៖ សង្កាត់ផ្សារដើមថ្កូវ ចំនួន ៣០៩គ្រួសារ និងសង្កាត់ទួលទំពូងទី១ ចំនួន៧៩គ្រួសារ សរុបចំនួន ៣៨៨គ្រួសារ ដោយមានការចូលរួមពីលោកស្រីអភិបាលខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់ មួយចំនួនទៀត នៅព្រឹកទី៣០ ខែមេសា ឆ្នាំ២០២១។

នៅក្នុងឱកាសនេះ លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរ សុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូនប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។

លោកអភិបាលខណ្ឌ ក៏បានជំរុញឱ្យបងប្អូនទាំងអស់ចូលរួមអនុវត្តន៍វិធានការ ៣កុំ និង៣ការពារ របស់ សម្ដេចតេជោ ហ៊ុន សែន និងគោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ និងឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជួបជុំគ្រួសារជាធម្មតាដូចមុនវិញ។

ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេល នេះ ជារដូវក្ដៅផងនោះ លោក ថេង សុថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែល អាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ។

បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស និងត្រីខ ១យួរ៕