(ភ្នំពេញ)៖ សំរាប់ខែរ៉ម៉ាឌនឆ្នាំ២០២១នេះ សមាគមប្រភពល្អកម្ពុជាបាននាំយកអំណោយពីសប្បុរសជនរដ្ឋគូវែត ចែកជូនប្រជាពលរដ្ឋខ្មែរមូស្លីមបានសរុបចំនួន១២១ភូមិ ស្មើនឹង៩១៦៥គ្រួសារ ទូទាំង២០ខេត្តក្រុង ដែលក្នុង១ គ្រួសារៗទទួលបាន៖ អង្ករ៥០គីឡូ, ស្ករស៤គីឡូ, អំបិល២គីឡូ, ប្រេងឆា២លីត្រ, មី១០កញ្ចប់, ទឹកដោះគោ៤កំប៉ុង, ត្រីខ៥កំប៉ុង និងទឹកត្រីមួយលីត្រ ដែលគិតជាទឹកប្រាក់សរុប ៤០,៣២៦០ដុល្លារ។

នេះបើតាមការឲ្យដឹងពីសំណាក់លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមប្រភពល្អកម្ពុជា បានប្រាប់មកភ្នាក់ងារ Fresh News នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២១នេះ។

លោក សុះ មូហាំម៉ាត់ បានបន្តថា អំណោយទាំងនេះគឺជាទឹកចិត្តដ៏ជ្រះថ្លារបស់ប្រជាពលរដ្ឋ នៃរដ្ឋគូវែតផ្តល់សហគមន៍យើងតាមរយៈសមាគមប្រភពល្អកម្ពុជា ដើម្បីជាអាហារក្នុងខែរ៉ម៉ាឌន និងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។

គួររំលឹកថា លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា និងជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានការសាទរយ៉ាងខ្លាំងពីពលរដ្ឋខ្មែរមូស្លីមទូទាំងប្រទេស ខណៈលោក បាននាំ យកកញ្ចប់អាហារទាំងនេះ ចែកជូនបងប្អូនមូស្លីមនៅតាមបណ្ដាភូមិនានាស្ទើរទូទាំ១ប្រទេស ដែលកាយវិការនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងសរសើរមិនដាច់ពីមាត់ពីសំណាក់បងប្អូនខ្មែរមូស្លីម នូវសកម្មភាពមនុស្ស ធម៌ដ៏មហាបវរប្រសើរសក្ដិសមជាមន្ត្រីដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ហើយកម្មវិធីមនុស្សធម៌នេះទៀតរឹតតែធ្វើឱ្យពលរដ្ឋខ្មែរមូស្លីមស្រឡាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាន់តែខ្លាំងឡើងៗៗទៀតផង។

គួរជម្រាបថា សមាគមប្រភពល្អ ដែលមានលោក សុះ មូហាំម៉ាត់ ជាប្រធាន បាននាំយកជំនួយពីរដ្ឋគូវែត មកជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរមូស្លីមបានយ៉ាងច្រើន ខណៈសកម្មភាពមនុស្សធម៌របស់លោកទីប្រឹក្សា សម្ដេចក្រឡាហោមរូបនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងទទួលបានការកោតសរសើរពីសំណាក់បងប្អូនខ្មែរមូស្លីមទូទាំងប្រទេស នូវស្នាដៃជាច្រើនដែលលោក សុះ មូហាំម៉ាត់ បានជួយ ពិសេសអរគុណយ៉ាងជ្រាលជ្រៅ បំផុតដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវគុណូបការៈដ៏ថ្លៃថ្លាដែលសម្ដេចទាំងទ្វេ បាននាំនូវសន្តិភាព ការផ្ដល់នូវសិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងពេញលេញ និងធ្វើបានល្អនូវគោលនយោបាយសុខដុមនីយកម្មសាសនានៅកម្ពុជា៕