(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១.៥លានដូសទៀត ដែលកម្ពុជាបញ្ជាទិញពីមិត្តចិន នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាបន្ថែមទៀត នៅថ្ងៃទី១៦ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទិញ៥លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋការពារពីជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែឧសភានេះ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១.៥លានដូសនេះ មាន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា និង១លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខណៈដែលវ៉ាក់សាំងចំនួន៥០ម៉ឺនដូសប្រភេទស៊ីណូវ៉ាក់ (Sinovac) ទើបនឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ។
បើតាមលោកស្រី យក់ សម្បត្តិ, ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀតផងដែរពីរដ្ឋាភិបាលចិន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតភាពស៊ាំ ដើម្បីការពារការចម្លងមេរោគកូវីដ១៩។
គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២.៥លានដូស (បូកជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់មកដល់ថ្ងៃនេះ) និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោកផងដែរ។
តាម «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឱ្យរួចរាល់នៅឆ្នាំ២០២២ ខាងមុខនេះ។
តាមផែនការរៀបចំដោយរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាគ្រោងទទួលវ៉ាក់សាំង ៣លានដូស, ខែមិថុនា នឹងទទួលបានវ៉ាក់សាំង ៣លានដូស, ខែកក្កដា នឹងទទួលបានវ៉ាក់សាំង ១លានដូស, ខែសីហា នឹងទទួលបានវ៉ាក់សាំង ១លានដូស និងខែកញ្ញា នឹងទទួលបានវ៉ាក់សាំង ១,៥លានដូស។ ដោយឡែក តាមការគ្រោងនេះដែរ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១០,៤៣០,៦០០ដូស ផងដែរ។
កម្ពុជាបានក្លាយជាប្រទេសចំណាត់ថ្នាក់លេខ២ នៅអាស៊ាន បន្ទាប់ពីសិង្ហបុរី ជាប្រទេសចាក់វ៉ាក់សាំងបានលឿន និងបានច្រើនជូនប្រជាពលរដ្ឋ។ តាមរយៈវត្តមានវ៉ាក់សាំងនេះ នឹងជួយឱ្យកម្ពុជា អាចសម្រេចបាននូវផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលគ្រោងចាក់ពលរដ្ឋឱ្យបានជាង ១០លាននាក់ត្រឹមឆមាសទី១ ឆ្នាំ២០២២ ជាមួយការរំពឹងថា នឹងទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញ៕