(បន្ទាយមានជ័យ)៖ សមត្ថកិច្ចកម្ពុជាដែលប្រចាំការនៅព្រំដែនរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ បានឱ្យដឹងថា សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ ៦នាក់ រួមនឹងមេខ្យល់ជនជាតិថៃម្នាក់ទៀត ក្នុងពេលពួកគេលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ដោយសមត្ថកិច្ចថៃបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ខាងភាគីកម្ពុជាបានស្នើសុំប្រជាពលរដ្ឋទាំងនេះត្រឡប់មកកម្ពុជាវិញដែរ ប៉ុន្តែភាគីថៃមិនអនុញ្ញាតឲ្យមកជាដាច់ខាត។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា នាវេលាម៉ោង ៣ រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានកម្លាំងសមត្ថកិច្ចថៃបានឃាត់ពលករខ្មែរ ៦នាក់ (ស្រី ៣នាក់) ដែលបានលួចឆ្លងដែនចូលទឹកដីថៃនៅចំណុចប៉ុស្តិ៍លេខ ៣ ស្ថិតក្នុងភូមិសូន្យសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រប៉ុស្តិ៍ប្រាសាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ពលករខ្មែរទាំង៦នាក់នេះ គឺមកពីខេត្តសៀមរាប ៥នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនពលករទាំង៦នាក់នេះ ក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ បានទំនាក់ទំនងស្នើសុំប្រជាពលរដ្ឋខាងលើឱ្យត្រឡប់មកកម្ពុជាវិញដែរ ប៉ុន្តែខាងភាគីថៃមិនអនុញ្ញាតតាមសំណើរបស់ភាគីកម្ពុជាជាដាច់ខាត។

តាមការឲ្យដឹងពីសមត្ថកិច្ចថៃ គេបានស្រាវជ្រាវរកឃើញមេខ្យល់ ១នាក់ ជាជនជាតិថៃ និងបានកសាងសំណុំរឿងបញ្ជូនទៅកាត់ក្ដីនៅតុលាការថៃទាំង៧នាក់តែម្ដង៕