(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាមគោចរ និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។

នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ ខែឧសភានេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អ និងចំណុចខ្វះខាត យកមកអនុវត្តបន្ត ក្នុងការអនុវត្តការងារបន្តនៃការ បិទខ្ទប់តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូរ ចាប់ពីថ្ងៃ២០ រហូតដល់ថ្ងៃទី២៧ ខែឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩។

លោក ឃួង ស្រេង បានលើកឡើងទៀតថា «១សប្តាហ៍ទៀត (ថ្ងៃ២០ ដល់២៧ឧសភា) ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករក ចំណុចដើមវិញ នោះគឺចប់ហើយ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៣ភ្លឺ ទាំងអស់មករក្សាទុក និងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ»

លោកបញ្ជាក់ថា ការផាកពិន័យនេះរដ្ឋបាលរាជធានីគ្មានចេតនាណាមួយ ចង់បានលុយពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់គឺចង់ឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីអាចផ្តាច់បានកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា «តើយើងអាចបើកផ្សាររដ្ឋទាំង២៥ឡើងវិញ ម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលផងហ្នឹង។ ដូច្នេះយើងគ្មានមធ្យោបាយដើម្បីនឹងបើកផ្សាររដ្ឋទាំង ២៥នេះ ឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ»

លោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តអោយបានម៉ឺងម៉ាត់បំផុត៕