(ឧត្ដរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្ស២នាក់ ឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះម្នាក់ជាកូនរបស់កម្មការិនីរោងចក្រ សាន់ តិច នៅរាជធានីភ្នំពេញ និងម្នាក់ទៀត ពាក់ព័ន្ធអ្នកកើតជំងឺកូវីដ នៅខេត្តប៉ៃលិន។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ទាំង២នាក់នោះផងដែរ រួមមាន៖ ទី១៖ កុមារីអាយុ៤ឆ្នាំ រស់នៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ត្រូវជាកូនកម្មការិនីរោងចក្រ សាន់ តិច នៅរាជធានីភ្នំពេញ និងទី២៖ បុរសឈ្មោះ នុល ឈុនលី អាយុ២១ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

សូមជម្រាបថា មកទល់ពេលនេះ ខេត្ដឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ ក្នុងនោះករណីនាំចូលពីបរទេស ចំនួន២នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ចំនួន២នាក់ បានព្យាបាលជាសះស្បើយចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៧នាក់៕