(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្ដោះអាសន្នអាជីវកម្ម សណ្ឋាគារ កាស៉ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញមានភ្ញៀវកើតជំងឺកូវីដ១៩។

ក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលសណ្ឋាគារ កាស៉ីណូ ហ្គូដដេស អេន លីប៊ើធី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់បុគ្គលិក និងភ្ញៀវដទៃទៀត សម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្ម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងរយៈពេល១៤ថ្ងៃនេះ តម្រូវឲ្យម្ចាស់ទីតាំង សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត យកទៅវិភាគរកមេរោងកូវីដតាមការកំណត់។

ចំពោះបុគ្គលិកទាំងអស់របស់សណ្ឋាគារ ត្រូវផ្អាកការចេញ-ចូល ហើយនៅក្រោយពេលបានលទ្ធផលសំណាករួចរាល់ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ នៅកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា រង់ចាំរហូតដល់ការធ្វើវិភាគលើវត្ថុសំណាកអ្នកដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលបញ្ជាក់ជាផ្លូវការ ទើបអាចបញ្ចប់ការធ្វើចត្ដាឡីស័ក តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៕