(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងតែស្វែងរកចាប់ខ្លួនជនបង្កជាកូនប្រុស ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្រោយជនបង្ករូបនេះ បានយកដែកទីបទៅវាយឪពុករបស់ខ្លួន បណ្តាលឲ្យរងរបួស ហើយវិដេអូដែលនៃការប្រើអំហិង្សានេះ ត្រូវបានចែកចាយតាមបណ្តាញសង្គមហ្វេសបុក។

លោក សាន សុខសីហា ជំនួយការ និងអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ពីបានឃើញរូបភាព វីដេអូករណីហិង្សាបង្កឡើង ដោយកូនប្រុសបង្កើតយកដែកវាយឪពុកបស់ខ្លួន យ៉ាងសាហាឃោរឃៅ លើបណ្តាញសង្គមហ្វេសបុកភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវភ្លាម និងបានដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

លោកបានបន្តថា ករណីនេះកើតឡើងដោយសារនៅពេលដែលជនរងគ្រោះជាឪពុក កំពុងលក់ដូរ នៅមុខផ្ទះ កូនប្រុសជាជនបង្កបានកាត់បំផ្លាញខ្សែភ្លើង និងវាយកំទេចអំពូលភ្លើង នៅក្នុងផ្ទះ ទើបជនរងគ្រោះបានស្តីបន្ទោស។ ដោយមានការខឹងនឹងឪពុករបស់ខ្លួនដែលបានស្តីបន្ទោស ភ្លាមៗនោះកូនប្រុសទមិឡម្នាក់នេះ បានទៅយកបំពង់ទីបដែកមកវាយឪពុករបស់ខ្លួនបង្កឲ្យរងរបួសបែកក្បាល និងរបួសត្រង់ដៃ ។

ឪពុកជនបង្កក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ពេលនេះសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្ក អនុវត្តបន្តតាមនីតិវិធីច្បាប់ ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក សាន សុខសីហា៕