(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដាន បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយអ្នកផ្ទុកជម្ងឺកូវីដ១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភ។

លោកអភិបាលខេត្តបានថ្លែងនាំដូច្នេះនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នៅសាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត ក៏បានឲ្យដឹងថា ខេត្តកំពង់ចាមបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ ដែលបានឆ្លងកាលពីថ្ងៃទី១៨ ខែឧសភា។ នេះគឺជាចំនួនឆ្លងច្រើនជាងគេ សម្រាប់ខេត្តកំពង់ចាមដែលមិនធ្លាប់មាន។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត បានចាត់តាំងឲ្យអភិបាលរងខេត្ត ចុះពិនិត្យមើលតាមបណ្ដាស្រុក ដែលជាតំបន់មានការពាក់ព័ន្ធទៅនឹងអ្នកឆ្លងជំងឺកូវីដ១៩ ដើម្បីពិនិត្យមើលទីកន្លែងសម្រាប់ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ដោយសារតែមានអ្នកឆ្លងជំងឺកូវីដ១៩ រកឃើញជាបន្តបន្ទាប់មកនេះ។

លោកអភិបាលខេត្តក៏បានរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ លើប្រជាពលរដ្ឋចំនួនសរុប២៥៥នាក់ ក្នុងនោះ មានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះ វិញជាង១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម៕